(​ខេត្ត​កែប​) ៖ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពង្រឹងកម្លាំង​ដើម្បី​ការពារ ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់វាត ទន្ទ្រាន​ដី​ព្រៃ​ឧទ្យាន​ជាតិ​បន្តទៀត​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​បែប​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​បើកទូលាយ នា​រសៀល​ថ្ងៃ​អង្គារ ១៤​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​។ ដោយ​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រី​ចំណុះ​នៃ​រដ្ឋបាល​ខេត្ត​កែប​។​

​លោក អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ក្រៅពី​ការរក្សា​ការពា​បរិស្ថាន​ឲ្យមាន​លំនឹង​សម្រាប់​ទប់ទល់​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ មន្ត្រី​ជំនាញ​ត្រូវតែ​ការពារ​ទប់ស្កាត់​កុំឲ្យ​ភ្លើង​ឆេះ​ព្រៃ ដូច​ជា​ការ​ដុត​ព្រៃ ឬ​ការ​បោះចោល​កន្ទុយបារី​ជាដើម ព្រោះ​ពេល​នេះ​ជា​រដូវក្តៅ​ងាយ​ប្រឈម​នឹង​ករណី​ឆាបឆេះ​បំផុត​។​លោក​បាន​បញ្ជាក់ថា ចំពោះ​ការទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ កន្លងមក​ធ្លាប់​កើតមាន​នៅ​តាម​ចំណុច​មួយចំនួន​នៃ​ខេត្ត​របស់​យើង ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​បុគ្គលខិល​ខូច​រំលោភបំពាន​យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ពី​បទល្មើស​ផ្សេងៗ ពិសេស​ករណី​គ្រឿងញៀន​ដែល​កើតមានឡើង​កន្លងមក ដោយ​លោក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យអស់ ដើម្បីឲ្យ​ភូមិសាស្ត្រ​របស់​យើង​គ្មាន​គ្រឿងញៀន​៕