ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​មិន​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះ​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​យើង នៅ​ព្រលប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ណា ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជា​បន្ទាន់ ថា​តើ​ត្រូវ​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​តទៅទៀត​។​

​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​យើង ឱ្យដឹងថា នេះ​ជា​ការ​បញ្ជាក់​អំពី​ភាពម៉ឺងម៉ាត់ គឺ​សម្តេច​បាន​បញ្ជា​ពី​កន្លែង​ប្រជុំ​ព្រឹក​មិញ​នេះ​តែម្តង គឺ​លែងឱ្យ​មាន​ភាព ជាន់​គ្នា​រវាង ងារ «​ឧកញ៉ា​» និង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរ​សេនីយ៍ ក្នុង​ក្របខណ្ឌ​ប្រដាប់អាវុធ មានដូចជា​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ទៀត​ទេ គឺ​សា​ម៉ី​ខ្លួន​ត្រូវ​សម្រេច​ជ្រើសរើស យក​មួយ អត់​មួយ​។​

​លោក​បាន​បន្តទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត​នូវ​អភិក្រម​ទី​៥ របស់​សម្តេច​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​អាណត្តិ​ទី​០៦​នេះ​ផង​ដែរ​។ សម្តេច​បាន​ណែនាំ​ចំៗ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ហើយ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ សម្តេច​ចង្អុល​ចំ​ទៅ​នាយ​ឧត្តមសេនីយ៍ សៅ សុខា​។ សម្តេច​បាន​ចង្អុល​ចំ​ឱ្យ រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា​ផងដែរ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​ពី​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា​៕